រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីអភិសេកព្រះបដិមាលោកេស្វរៈ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាការពារព្រំដែន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៦និង៣០នាទីព្រឹក នៅបរិវេណអតីតរង្វង់មូលដៃប្រាំបី ក្រុងសំរោង។
ពិធីអភិសេកនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ និងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិផងដែរ។
ជាមួយគ្នានេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលខេត្តឧត្តរមានជ័យ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវ ជាតិលេខ៦៨ ចាប់ពីចំណុចបង្គោលប៉ាណូត្រង់ភោជនីយដ្ឋានយ៉ាណែត ដល់ចំណុចភោជនីយដ្ឋានរ៉េតចិន្តា និង ចាប់ពីទីតាំងជុំវិញបរិវេណប្រារព្ធពិធីកំណាត់ផ្លូវជាតិលេខ៥៦រហូតដល់ផ្លូវបំបែកមុខផ្សារសំរោង ដោយមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលា ម៉ោង ៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏សុំការយោគយល់អធ្យាស្រ័យ ចំពោះពលរដ្ឋជាអ្នកធ្វើដំណើរ និងបញ្ចៀសការធ្វើដំណើរ ឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕


