ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។
ការអំពាវនាវជាថ្មីនេះ ដោយសារឯកឧត្តម កត់សម្គាល់ឃើញ ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតាខ្មែរ។ ហើយឯកឧត្តម ក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង ចេញធ្វើសកម្មភាពប្រឆាំង តបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាង។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ពិតណាស់ បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា ហើយលើសពីនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជន ដែលតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួម ក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានី ក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ព្រំដែន រក្សាទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ ដើម្បីការពារបូរណភាពទឹកដី និងភាពរីកចម្រើននៃប្រជាជន៕
អត្ថបទ៖ ពុទ្ធិកា