ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានចំនួន៤សំណុំរឿង តម្រូវឲ្យអនុវត្តក្នុងពន្ធនាគារកំណត់១៣ឆ្នាំ និង៦ខែ មិនសុខចិត្តបើកផ្លូវឲ្យប្តឹងឧទ្ធរណ៍តាមកំណង់ច្បាប់។
សាលក្រមទី១ លើសំណុំរឿង «ហិង្សាដោយចេតនា ដាក់ពន្ធនាគារកំណត់២ឆ្នាំ»។ សាលក្រមទី២ លើសំណុំរឿង «បរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង» ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ។ សាលក្រមទី៣ លើសំណុំរឿង. «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម» ដាក់ពន្ធនាគារកំណត់២ឆ្នាំ។ សាលក្រមទី៤ លើសំណុំរឿង «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ដាក់ពន្ធនាគារកំណត់៨ឆ្នាំ។ ដូច្នោះ ទោសសរុបទាំង៤សំណុំរឿង ជនជាប់ចោទត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៣ឆ្នាំកន្លះ ដែលបច្ចុប្បន្នជនជាប់ចោទអតីតឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ (ម៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី នៅថ្ងៃ១៣ មករា ២០២៥ វេលាម៉ោងប្រមាណ១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ខណៈមានបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនមកដល់កម្ពុជានៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ៕
