ចរាចរណ៍​ពេលថ្ងៃនៅលើ​ផ្លូវ​ព្រះ​មុនីរ៉េត ត្រូវបានបើកឡើងវិញ បន្ទាប់​ពី​រៀបចំ​អ្នកលក់​ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​បាន​ល្អ​ប្រសើរ​ ​

បន្ទាប់​ពី​រៀបចំ​អ្នកលក់​ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​បាន​ល្អ​ប្រសើរ​ ​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៦នេះ​ រដ្ឋបាល​រាជធានីភ្នំពេញ បានបើកឱ្យ​ចរាចរណ៍​ចេញ​ចូល​នៅ​មហា​វិថី​ព្រះ​មុនី​រ៉េត​ ​ជាធម្មតា​សម្រាប់​ពេល​ថ្ងៃឡើងវិញ​។ ជាមួយគ្នានេះ បើតាម អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ទោះបីជាបើក​ឱ្យ​មាន​លំហូរ​ចរាចរណ៍​បែប​នេះ​ក៏​ដោយ​ ក៏រដ្ឋបាល​រាជធានីភ្នំពេញ ​នៅបន្ត​ឃ្លាំមើល​ជាប់​ជាប្រចាំ​ និង​ទប់​ស្កាត់​មិនឱ្យ​មាន​ការ​ឆ្លៀតឱកាស​ចូល​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​នៅលើ​ដងផ្លូវ​នេះ​ជាថ្មី​ទៀតនោះ​ទេ។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាល​រាជធានីភ្នំពេញ ​ លោកស្រី ដោ សម្ផស្ស ក៏សំណូមពរ​ដល់​​ប្រជាពលរដ្ឋ​ទូទៅ​មេត្តា​ចូល​រួម​សហការ​ និង​ផ្តល់​ព័ត៌មាន​បន្ថែម​មក​អាជ្ញាធរ​ ក្នុង​ករណី​រកឃើញ​ថា​មា​នជន​ឆ្លៀតឱកាស​មក​​លក់ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​សារជាថ្មី​នៅលើមហា​វិថី​ព្រះ​មុនី​រ៉េតនេះ។ ហើយអាជ្ញាធរ ក៏ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​នៅបរិវេណ​ជុំវិញ​តំបន់​ផ្សារ​ដើម​គ​នេះ​។

គួរបញ្ជាក់ថា ក្រោមហេតុផលលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការលក់ដូរឥត​សណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុន្នីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញនោះទេ។ 

អាជ្ញាធរបានអំពាវនាវដល់អាជីវករ ដែលលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ ចូលរួមសហការបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ ដោយឲ្យប្តូរទៅលក់នៅកន្លែងថ្មី​សមស្របណាមួយដែលមាន​តូបលក់ត្រឹមត្រូវ ឬទីតាំងដែលអាជ្ញាធរបានសហការជាមួយវិស័យឯកជនរៀបចំជូន មានដូចជា នៅផ្សារបោះដុំបន្លែផ្លែឈើ តាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ និងនៅផ្សារតាម៉ាប់ព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

5
Promotion