យុទ្ធនាការ «ភាពស្អាត» ចំនួនបី កំពុងបន្តអនុវត្តយ៉ាងផុសផុលនៅតាមមូលដ្ឋាន 

«កម្ពុជាស្អាត ខ្មែរធ្វើបាន៖ របត់ថ្មីនៃសេដ្ឋកិច្ចវិលជុំ និងស្មារតីរួមគ្នាដើម្បីមាតុភូមិគ្មានសំណល់ប្លាស្ទិក» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន «ផែនទីបង្ហាញផ្លូវស្តីពីសកម្មភាពប្លាស្ទិកនៅកម្ពុជា» (Plastic Action Roadmap in Cambodia) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះគឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងគោលដៅរុញច្រានកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា ដែលឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានានូវការកាត់បន្ថយការបំពុល និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់សុខុមាលភាពសាធារណៈ និងសោភ័ណភាពសង្គមជាតិ។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្របពេលនៃការដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រវត្តិសាស្ត្រនេះ យុទ្ធនាការ «ភាពស្អាត» រួមមាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» កំពុងបន្តអនុវត្តយ៉ាងផុសផុលនៅតាមមូលដ្ឋាន ដោយមានការចូលរួមយ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន។ ជាក់ស្តែង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងខេត្តកណ្តាលតែមួយ មានអ្នកចូលរួមសរុបរហូតដល់ ៥,៩០៧ អង្គ/នាក់។ ចំណែកនៅរាជធានីភ្នំពេញ ក្រុមការងារខណ្ឌមានជ័យបានសហការចុះអប់រំ និងសម្អាតបរិស្ថានយ៉ាងខ្លាំងក្លា ដោយមានអ្នកចូលរួមសរុបដល់ទៅ ៩,៧២៥ នាក់។ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ស្ពឺ មានអ្នកចូលរួម ៨២៥ នាក់ ខេត្តកោះកុងសម្រេចបាន ១៧៥ នាក់ ខេត្តពោធិ៍សាត់ ៩០៥ នាក់ និងខេត្តព្រៃវែង ៣២៤ នាក់។ សូម្បីតែនៅតំបន់សួនច្បារដំរីដែក និងវិមានឯករាជ្យក្នុងខេត្តមណ្ឌលគិរី ក៏មានយុទ្ធនាការប្រមូលសំរាមបានដល់ទៅ ១.៥០ តោន ផងដែរ។

ទន្ទឹមនឹងការសម្អាតសំណល់ប្លាស្ទិក ក្រសួងបរិស្ថានក៏បានរឹតបន្តឹងវិធានការការពារគុណភាពខ្យល់ ដោយចុះអប់រំ និងទប់ស្កាត់ការដុតសំណល់ប្លាស្ទិក និងខ្សែភ្លើងនៅតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ និងតាមផ្ទះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដើម្បីជៀសវាងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត គ្រឹះស្ថានសិក្សា វត្តអារាម និងវិស័យឯកជនទាំងអស់ ដែលបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពស្អាត ស្រស់បំព្រង និងធានាបាននូវសុខភាពសាធារណៈដ៏ល្អប្រសើរជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕

5
Promotion