នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងសហការី និងមានការចូលរួមពីអនុសាខាខណ្ឌព្រែកព្នៅ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពតារាកំប្លែង លោក ជុន ឆាង (ហៅនាយឆាង)ដែលបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៥ឆ្នាំ ដោយរោគាពាធ។ ពិធីនេះរៀបចំឡើង ក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកវេជ្ជ. អ៊ុយ សំអុន បាននាំប្រសាសន៍ចូលរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនគ្រួសារសពនាយឆាង ហើយចំពោះមរណភាពរបស់នាយឆាង គឺជាការបាត់បង កូនប្រុសជាទីស្រឡាញ់ ដែលមានព្រហ្មវិហារធម៌គុណធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងក្រុមគ្រួសារ។ ការលាចាកក្នុងលោកនេះរបស់នាយឆាង គឺជាការបាត់បង់នូវតារាកំប្លែងឆ្នើមមួយរូប ដែលធ្លាប់បានផ្តល់ស្នាមញញឹមជូនបងប្អូនកម្សាន្តសប្បាយផងដែរ”។
កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជុន ឆាង ហៅនាយឆាង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




