ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន(ស.ស.យ.ក) កម្ពុជា បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។
ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។
ក្នុងន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថាបងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។
កម្ពុជាមិនមែនជាប្រទេសដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។
ម្យ៉ាងទៀត គ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។ យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើងសកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ៕
អត្ថបទ៖ ផុន លីហ្សា