ក្រសួងទេសចរណ៍ បង្ហាញការ​សោកស្តាយ ចំ​ពោះមន្រ្តីនគរបាលចរាចរ​ណ៍​ ទារប្រាក់ពីភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី

ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍ នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួរជម្រាបជូនថា បុរសជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ​ត្រូវប៉ូលីស​ឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញ​ប័ណ្ណបើកបរអាស៊ានរួចហើយ។ តាមរយៈវីដេអូដែលបង្ហោះនៅក្នុងបណ្តាញសង្គម ប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីស​ទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។

ចំពោះករណីនេះ ក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើករណីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ ពេលវេលា។

ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និង ឈរលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ មហាគ្រួសារវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បានអំពាវនាវបងប្អូនទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថាកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និង ផ្តល់ភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តី​ជាប់កិច្ចសន្យា ចំនួន៩រូប ត្រូវបានកោះហៅមកសួរនាំ និងធ្វើស្រាវជ្រាវបន្ថែម បន្ទាប់ពីត្រូវបានសង្ស័យថា បានទាមទារលុយពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងពេលឃាត់សួរពិនិត្យឯកសាររថយន្ត នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ចំពោះមន្ត្រីណាដែលអនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។

កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទតែងណែនាំ​ដល់មន្ត្រីចុះអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក ត្រូវមានក្រម​សីល​ធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំង​នគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់​យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត៕