ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងប្រគល់វត្ថុបុរាណមកកម្ពុជាវិញ និងបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលអះអាងថា ប្រាសាទតាមាន់ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ។

តបទៅនឹងភាគីថៃ ដែលបានលើកឡើងអំពីការផ្អាកបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកកម្ពុជាវិញ ដោយហេតុផលគឺខ្វះថវិកាដឹកជញ្ជូន។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ការចំណាយទាំងអស់នៃដំណើរដឹកជញ្ជូន គឺជាបន្ទុករបស់ភាគីកម្ពុជា ដែលពុំទាក់ទងនឹងថវិកាភាគីថៃឡើយ។

ក្រសួងវប្បធម៌កម្ពុជា រំលឹកថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតក ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញ។
ក្រៅពីនេះ កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ។
ដោយឡែក ទាក់ទងនឹងប្រាសាទតាមាន់ ក្រសួងវប្បធម៌បញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ តាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ។
ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។
លើសពីនេះ ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជាទាំងស្រុង។
សូមជម្រាបថា ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិរបស់កម្ពុជារួចហើយផងដែរ៕
ដោយ៖ ផុន លីហ្សា

