CDC ប្រាប់ក្រុម​អ្នកធុរកិច្ចម៉ាឡេស៊ី ពីចំណុចពិសេសរបស់កម្ពុជា​ ដែលជាទី​តាំង​គួរ​ដា​ក់ទុន​វិនិយោគ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈ​ប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកភាពចំហរ ជាដើម។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋា​រចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា CDC ក៏បាននិងកំពុងបន្តខិតខំជំរុញការកែលម្អ សំដៅធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

លោកបណ្ឌិត Dato’ Sri Ricky Yaw ក៏បានបញ្ជាក់ដែរថា បសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ ហើយ​នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាឱកាសនេះ លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ សហគ្រាសធុនតូច និងមធ្យម (SMEs), ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី, ការកែច្នៃផលិតផលកសិកម្ម, សង្ហារឹម, សំណង់ និង អចលនទ្រព្យ , អប់រំ, និង សុខាភិបាលជាដើម៕

អត្ថបទ៖ ពុទ្ធិកា