គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីនៅកម្ពុជានាពេលអនាគត។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដែលដឹកនាំដោយសម្តេចហ៊ុនសែននៅព្រឹកថ្ងៃទី២៧ខែឧសភានេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួន២៦ដែលភាគច្រើនទៅឱ្យគណៈកម្មការផែនការវិនិយោគកសិកម្មធនធានទឹកឧតុនិយមអភិវឌ្ឍន៍ជនបទនិងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) ដើម្បីពិនិត្យសិក្សានិងផ្តល់យោបល់។
ក្នុងចំណោមសេចក្ដីព្រាងច្បាប់ទាំង២៦ មានសេចក្ដីព្រាងច្បាប់ចំនួន២៤ ពាក់ព័ន្ធនឹងការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុនដែលវិនិយោគលើស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងវិនិយោគវារីអគ្គិសនី និងស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល។
ចំណែកសេចក្តីព្រាងច្បាប់២ទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីជលផល។
គួរបញ្ជាក់ថា តាមការវាយតម្លៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាពី ឆ្នាំ ២០២៥ដល់ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំ ការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មី មកជំនួសឱ្យបានទាន់ពេលវេលា៕
ដោយ៖ ផុន លីហ្សា