ឃាត់ខ្លួនមនុស្ស៤នាក់ ដោយសារ​ក្លែងបន្លំតេឡេក្រាមថ្នាក់ដឹកនាំ ទៅឆ​បោ​កប្រាក់​ ក្រោមរូបភាពវិនិយោគបានប្រាក់ចំណេញច្រើន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ផងដែរ ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។

បច្ចុប្បន្នជនសង្ស័យ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងស​ម្រេ​ចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សា​យអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។