សម្តេចនាយករដ្ឋមន្ត្រី រំពឹងថាលោកតា ស៊ុច នឹងជួយ​​លើការអប់រំប្រជា​ជន​​កម្ពុជា តាមព្រះ​ធម៌​នៃ​មាគ៌ាព្រះពុទ្ធសាសនា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី៤ កក្កដា ២០២៥ នៅវិមានសន្តិភាព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកតា ស៊ុច យ៉ាងកក់ក្តៅ​ ហើយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា​ លេីវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា លោកតា ស៊ុច ជាព្រះសង្ឃគង់នៅទឹកដីថៃ ។ ខណៈពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមាន​សង្ឃ​ដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។ ការណ៍នេះ បានធ្វើឱ្យពលរដ្ឋថៃ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។ ទន្ទឹមនឹងនេះ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា មួយរយៈពេល។

លុះក្រោយមានភ្លើងខៀវ ពីរាជរដ្ឋាភិបាលកម្ពុជា លោកតាស៊ុច បាននិមន្តពីប្រទេសកាណាដា មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២ កក្កដា។

កាលពីថ្ងៃទី១៩ មិថុនា កន្លងទៅ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា មិនត្រឹមតែចំពោះលោកឪស៊ុច នោះទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្តេចសូមឲ្យ​និមន្ត​និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

សម្តេចបវរធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕