សម្តេចតេជា ហ៊ុន សែន ផ្តល់ដំបូន្មានទៅកាន់អ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ដំបូន្មានទៅកាន់អ្នកនយោបាយ និងក្រុមអគតិមួយចំនួនរបស់ថៃ ក្រោយពីមានការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA ដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេចផ្ទាល់។

សម្តេចតេជា ហ៊ុន សែន ចាត់ទុកថា ការស្ទង់មតិដើម្បីចង់ដឹងទឹកចិត្តប្រជាជនថៃ ចំពោះរូបសម្តេច គឺបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងផ្តល់តម្លៃចំពោះរូបសម្តេច ។ ហើយគួរណាស់ប្រជាជនថៃ នាំគ្នាស្ទង់មតិពីមេដឹកនាំរបស់ខ្លួនឯងវិញ។វាជារឿងដ៏ចម្លែក និងកម្រណាស់នៅលើពិភពលោក ដែលប្រទេសមួយកំពុងប្រឈមមុខដាក់គ្នា បែរជានាំគ្នាធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួនទៅវិញ វាជារឿងគួរឲ្យអស់សំណើច និងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែប្រទេសថៃអាចធ្វើរឿងបែបនេះបាន។

ទន្ទឹមនឹងនេះ សម្តេចតេជា ហ៊ុន សែន បានផ្តល់ដំបូន្មានថា អ្វីដែលសម្តេចខ្លាចបំផុតនោះគឺ ប្រជាជនថៃស្រឡាញ់សម្តេច ដែលអាចបង្ហាញពីថាសម្តេចក្បត់ជាតិសាសន៍ និងប្រជាជន ប៉ុន្តែអ្វីដែលសម្តេចចង់បានបំផុតនោះ គឺសត្រូវវាយតម្លៃសម្តេច ក្នុងកម្រិតទាបបំផុត ដែលចំណុចនេះបង្ហាញថា សម្តេចកំពុងធ្វើរឿងដ៏ត្រឹមត្រូវចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។