ក្នុងសង្គ្រាមរយៈពេល ២០ថ្ងៃជាមួយកម្ពុជា យោធាថៃបានបើកការវាយប្រហារមិនរើសមុខចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងនោះក៏រួមមានការវាយកម្ទេចប្រាសាទព្រះវិហារដែលជាប្រាសាទបុរាណខ្មែរខ្មែរ និងជាសម្បត្តិរបស់មនុស្សជាតិផងដែរ។
ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា ពីទង្វើឈ្លានពាន បំផ្លិចបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
ក្នុងជំនួបជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់ អង្គការយូណេស្កូ ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបាន ទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានលើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទ ដោយសារកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូ
និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។
ដោយឡែក ឯកឧត្តម Flavio Bonetti បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលត្រូវបានចាត់ ឱ្យមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចអភិរក្សបេតិកភណ្ឌ និងវិស័យពាក់ព័ន្ធនានា ដូចជាវិស័យអប់រំ បរិស្ថាន វិទ្យាសាស្ត្រ នវានុវត្តន៍ ព្រមទាំងការលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព៕






