កម្ពុជា មានផ្កាយរណបតាមដានគុណភាពខ្យល់ និងឧបករណ៍ចល័ត-អចល័តជាង ៦០គ្រឿងទូទាំងប្រទេស

គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមានបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថាន។

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។

ឧបករណ៍និងស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3។ លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មានស្តីពីគុណភាពខ្យល់សាធារណៈនោះទេ។ ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំនិងដោយផ្ទាល់ក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង ក្នុងប្រទេសកម្ពុជា លើវេបសាយរបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh/home និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន និងរបស់មន្ទីរបរិស្ថានទូទាំងប្រទេស រួមជាមួយសារព័ត៌មានមួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ នាពេលនេះ បានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន  នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តគោលដៅមួយចំនួនទៀត ចាប់ពីខែមករាដល់ខែ មេសា ឆ្នាំ២០២៦។

ក្រសួងបរិស្ថានស្នើសុំឱ្យមានការចូលរួមពីសាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ៕

default
5
Promotion