សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

គួរបញ្ជាក់ថា នៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់ យកប្រព័ន្ធច្បាប់ស៊ីវិល និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់អង់គ្លេសាក់សុង ក្នុងគោលដៅចម្បងនៃ សមាហរណកម្មប្រទេសឡើងវិញ ចូលទៅក្នុងនិម្មាបនកម្មតំបន់ និងសាកលលោក។
ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការជំរុញល្បឿននៃ ការកែទម្រង់ច្បាប់ នៅឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល បានសម្រេចធ្វើវិចារណកម្មស្ថាប័ននៃគណៈកម្មាធិការដឹកនាំការ កែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដែលត្រូវបានបង្កើតតាំងពីឆ្នាំ២០០៣ ដោយបង្កើតស្ថាប័នពីរដោយ ឡែកពីគ្នាគឺ គណៈកម្មាធិការដឹកនាំការកែទម្រង់យុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌ ដែលផ្តោតលើការ កែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ប្រទេស រីឯ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការ គណៈរដ្ឋមន្ត្រី ដែលផ្តោតលើការកែទម្រង់ច្បាប់ទាំងមូលរបស់ប្រទេស៕
អត្ថបទ៖ ពុទ្ធិកា