សមិទ្ធផលចំនួនប្រាំធំៗអំពីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

ចាប់តាំងពីដើមខែមេសាឆ្នាំ២០២៥មក យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដឹកនាំដោយក្រសួងព័ត៌មាន ទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី និងមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធតាមបណ្តារាជធានីខេត្តផងដែរ។ 

យុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម ដែលលទ្ធផលត្រីមាសដំបូងគឺពីខែមេសាដល់មិថុនា ឆ្នាំ២០២៥ នៃការអនុវត្តក្នុងរាជធានី-ខេត្ត យុទ្ធនាការទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

   ១) យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយក្នុងដៃ និងឯកជន ទាំងប្រពៃណី ទំនើប បណ្តាញសង្គម ប្រមាណ ៧ពាន់ ដង/មាតិកា។ ចំនួននេះនៅមិនគិតចំនួននៃការផ្សាយចេញបន្តពីយុទ្ធនាការ ដោយការផ្សាយឯកជនដោយពលរដ្ឋ និងសហគមន៍(users) ច្រើនទៀត។

   ២) យុទ្ធនាការបានផលិតមាតិកាថ្មី (Original content ) សរុបចំនួន ប្រមាណ៨០០ សាច់រឿងថ្មី សម្រាប់ការបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម និងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពយុទ្ធនាការ តាមរយៈ ព្រឹត្តិការណ៍តាមទីសាធារណៈក្នុងខេត្ត/ក្រុង/ស្រុកសរុបចំនួន១៧៥លើក ដែលត្រូវបានរៀបចំក្នុងរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះស៊ីហនុ និងកោះកុង ដោយមាន មនុស្សចូលរួមផ្ទាល់សរុបចំនួនប្រមាណ២មុឺន ៣ពាន់នាក់។ ក្នុងខែកក្កដា យុទ្ធនាការ ដំណើរការដល់ព្រះស៊ីហនុ និងកោះកុង ខណៈរាជធានី-ខេត្ត ផ្សេងទៀតនៅបន្តអនុវត្តសកម្មទាំងក្នុងមូលដ្ឋានផ្ទាល់ និងលើបណ្តាញផ្សាយគ្រប់ទម្រង់។ 

   ៣) ការផ្សាយតាមបណ្តាញសង្គម យុទ្ធនាការទទួលបានការចូលមើលពីសាធារណៈជន សរុបប្រមាណ ១.៨លាន ខណៈមានការចែករំលែកបន្តជាង៣សែនដងក្នុងសង្គមហ្វេសប៊ុក  និងបណ្តាញសង្គមផ្សេងទៀត។ បច្ចុប្បន្នភាពបន្ថែមពីបណ្តាខេត្តនិងដៃគូចូលរួមអនុវត្ត៖ ចំនួនចំណាប់អារម្មណ៍ និងការតាមដានមើលខ្លឹមសារយុទ្ធនាការតាមបណ្តាញសង្គម បន្ថែម មានចំនួន ១.៣លាន ។ 

  ៤) ការផ្សព្វផ្សាយតាមទីសាធារណៈតាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៣៩ផ្ទាំង/ទីតាំងនៅក្នុងរាជធានីភ្នំពេញ កណ្តាល កំពង់ចាម សៀមរាប រតនគីរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគីរី កំពង់ឆ្នាំង និងបាត់ដំបង។

  ៥) ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ យុទ្ធនាការបានផ្ញើសារ អប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ ទូរស័ព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេស និងបានផ្សាយសារអប់ជាសំឡេង តាមរយៈcall-tune រយៈពេលបីសប្តាហ៍ក្នុងខែ មិថុនា-កក្កដាផងដែរ។ 

សូមជម្រាបថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

ដោយ៖ ផុន លីហ្សា