សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានឆ្លៀតអញ្ជើញទស្សនា ស្ពានមេគង្គក្រចេះផងដែរ។

ស្ពានមេគង្គក្រចេះ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០បេ តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕