នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ឡេង និមល តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួល មរណភាព នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង៨ និង៥នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ដែលកំពុងប្រារព្ធកម្មវិធីនៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះ លោកឧកញ៉ា ឡេង និមល បានពាំនាំនូវសារពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
លោកឧកញ៉ាបានថ្លែងថា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព ដែលជាស្វាមី ឪពុក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រខ្មែរ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មសព្វ បែបយ៉ាង តស៊ូយ៉ាងសកម្មប្រកបដោយស្វាមីភក្ដិ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ អស់រយៈពេល ជាច្រើនទសវត្សរហូតដល់អវសាននៃជីវិត។
ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិត ប៉ុន្ដែឯកឧត្តម បានកសាងនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កិត្តិយសដ៏ ឧត្តុង្គឧត្ដមដក់ជាប់ក្នុងដួងចិត្តរបស់យើងខ្ញុំទាំងអស់គា្ន មិនអាចបំភ្លេចបានឡើយ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



