ក្រសួងការពារជាតិ៖ ទាហានថៃលើ្មសការឯកភាពគ្នា ដើរល្បាតលើ​តម្រា​យផ្លូវ​ថ្មីជាន់​មីនផ្ទុះ​រងរបួស បែរមកចោទកម្ពុជា

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធ​នឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែ បានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ​នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។

ជាក់ស្តែង ទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយ​បង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោល​ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់​ដោយសារការផ្ទុះគ្រាប់មីន​ដែលជាសំណល់ពី​សង្គ្រាម។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្តថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិ មិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវ​ឱ្យភាគីថៃអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់​ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែន​នៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។

ជាមួយគ្នានេះ សម្រាប់ឧប្បត្តិហេតុទាហានថៃជាន់មីនផ្ទុះរងរបួសនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះ​បីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយ​ដែលកម្ពុជាតែង​តែបានដាស់តឿនជារឿយៗ ឬមួយនេះ​ជាការប៉ុន​ប៉ង​ដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។

ក្រសួងការពារជាតិ បន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែង​ដល់ការរក្សាសន្តិភាព​នៅតាមបណ្តោ​យព្រំដែន។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាម​ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ច​ខិតខំប្រឹងប្រែ​ង​របស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយ​សារសង្គ្រាម។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕