ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

កិច្ចប្រជុំដែលបានគ្រោងទុកគឺនៅម៉ោង ៣:០០នាទី រសៀល នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីយោធាថៃបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ហើយបានរាលដាលរហូតដល់ ៨ទីតាំង។
ក្នុងហេតុការណ៍ផ្ទុះអាវុធ ភាគីថៃបានបើកការវាយប្រហារមុនដោយប្រើអាវុធធុនធ្ងន់ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។
មិនតែប៉ុណ្ណោះ ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ យន្តហោះទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងមណ្ឌលសុខភាពដែលជាកន្លែងប្រារព្ធជំនឿសាសនានិងព្យាបាលពលរដ្ឋ។
យោងតាមមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង៥.៣០នាទីរសៀលកាលពីថ្ងៃទី២៤ មានយន្ដហោះថៃ F16មួយគ្រឿង បានមកទទម្លាក់គ្រាប់មកលើវត្តតាមាន់សែនជ័យ និងមណ្ឌលសុខភាពតាសែនជ័យ ស្ថិតនៅភូមិតាសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ បង្កឱ្យមានការខូចខាត។ នេះជាការរំលោភពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃ។
កងទ័ពថៃ ដែលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ និងនៅទីតាំង ៥ កន្លែងផ្សេងទៀតដែលបង្ហាញពីការឈ្លានពានបូរណភាពទឹកដីកម្ពុជា៕




