អាមេរិក នឹងប្រើប្រព័ន្ធឃ្លាំមើល​តាម​អាកាស​និងបច្ចេកវិទ្យាទំ​នើបៗ ដើម្បី​តាមដា​ន​បទឈប់បាញ់កម្ពុជា-ថៃ

នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងកិច្ចជំនួបនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយឯកឧត្តម Donald Trump ប្រធា​នាធិប​តីអារមេរិក ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន។

ក្នុងនោះ អាមេរិក ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ បន្ថែមពីនេះ អាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមានការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត៕

គួរបញ្ជាក់ថា​ កម្ពុជានិងថៃ បានសម្រេចឲ្យមានបទឈប់បាញ់ តាមការផ្តួចផ្តើមរបស់ឯកឧត្តម Donald Trump ប្រធា​នាធិបតីអារមេរិក ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៅទីក្រុងកូឡាឡាំពួរ កាល​រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

នៅក្នុងបទឈប់បាញ់នេះ គឺមានចង់នូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យកងទ័ពកម្ពុជា និងកងទ័ពថៃ ត្រូវអនុវត្តន៍ រួមមាន ទី១ ឈប់បាញ់គ្នា ,ទី២ មិនឲ្យមានការចល័តទ័ព ឬបន្ថែមទ័ព ,ទី៣ កងទ័ពទាំងពីរប្រទេសត្រូវរក្សាទីតាំងដដែល រាប់ពីម៉ោង១២យប់ ថ្ងៃទី២៨ កក្កដា និងទី៤ ត្រូវបង្កើតក្រុមការងារទំនាក់ទំនងដើម្បីធ្វើការជាមួយគ្នា៕

អត្ថបទ៖ ពុទ្ធិកា