កម្ពុជា ព្រួយបារម្ភទាំងផ្នែកច្បាប់និងផ្នែកសីលធម៌ ចំពោះការបន្តឃុំខ្លួនយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ

កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនរបស់កម្ពុជាទាំង១៨រូប ដែលថៃចាប់ទៅអំឡុងពេលអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការកាកកបាទក្រហមអន្តរជាតិ ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់យោធិនកម្ពុជា១៨នាក់ ដែលត្រូវបានថៃ ធ្វើការឃុំឃាំង ខណៈដំណើរចុះសួរសុខទុក្ខនេះ គឺដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន និងភាពថ្លៃថ្នូរបស់យោធិនខ្មែរទាំង១៨នាក់ នោះ ត្រូវបានគោរពដោយអាជ្ញាធរថៃ ស្របទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងច្បាប់មនុស្សធម៌អន្តរជាតិ។

ឯកឧត្តម ជុំ សុន្ទរី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា សូមឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ ដោយឥតលក្ខខណ្ឌចំពោះយោធិនកម្ពុជាទាំង១៨រូបនោះ និងទាមទារឲ្យថៃ ផ្តល់អាទិភាពចំពោះកិច្ចសន្ទនាដោយ សុច្ចចិត្ត និងការកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានរួចទៅហើយ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលដែលកងទ័ពកម្ពុជាទៅដល់ កងទ័ពថៃក៏បានលើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជាចំនួន២០នាក់។ លុះដល់ថ្ងៃទី០១ សីហា ឆ្នាំ២០២៥ ថៃបានបញ្ជូនកងកម្លាំងកម្ពុជាចំនួន២ នាក់ ត្រឡប់មកកម្ពុជាវិញ ក្នុងស្ថានភាពរបួស។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអះអាងដែរថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈ​ណាក៏ដោយខណៈ​ទាហាខ្មែរចំនួន១៨​នាក់ណ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ៕