ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា
រយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។
ការជួសជុល តម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ ផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធជំនួសថ្មចាស់។
ក្រុមអ្នកជំនាញរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ពន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈមនិងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម៕






