លោក លី សារី អភិបាលរងខេត្តសៀមរាប និងជាសមាជិកក្រ្មមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលដល់ក្រុមគ្រួសារនៃកងទ័ពខ្មែរដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ បានចូលប្រារព្ធពិធីបួងសួងនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុវត្ថិភាពសម្រាប់ពួកគាត់ ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
បន្ទាប់ពីអុជធូបបួងសួងរួច ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម (Good Time) ដែលជាសប្បុរសជនរស់នៅរាជធានីភ្នំពេញបានប្រគល់អំណោយក្រុមគ្រួសារវីរកងទ័ពដែលភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ផងដែរ។

គួររម្លឹកថា នៅថ្ងៃទី១៥ កញ្ញានេះ ជាថ្ងៃទី៤៨ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
គួរបញ្ជាក់ថា កងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានថៃចាប់ខ្លួនទៅដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ តាមការចុះសួរសុខទុក្ខចំនួន២លើកកន្លងមក គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ថា កងទ័ពកម្ពុជាទាំង១៨ ដែលស្ថិតក្រោមការឃុំគ្រងរបស់ថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា៕
អត្ថបទ៖ ពុទ្ធិកា

