នៅព្រឹកនេះ រថយន្តក្រុង ៤៩៧គ្រឿង ចាប់ផ្តើមវិលកង់ដឹកប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកវិញ ដោយមិនគិតថ្លៃ!

នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ រថយន្ដក្រុងចំនួន៤៩៧គ្រឿង ចាប់ផ្តើមដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញដោយមិនគិតថ្លៃ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរួចមហើយអំពីទីតាំង និងម៉ោងជាក់លាក់នៃការចេញដំណើរ និងត្រឡប់មកវិញផងដែរ សម្រាប់ការធ្វើដំណើរដោយមិនគិតថ្លៃនេះ មាននៅគោលដៅចំនួន៧ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ សម្រាប់រថយន្តនីមួយៗ បាន រៀបចំ ទឹក ពិសា បរិសុទ្ធ ដោយ ឥត គិតថ្លៃផងដែរ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អ្វីដែលជាការលំបាក របស់ប្រជាពលរដ្ឋ គឺជាការលំបាក របស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្ម នៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាព របស់ពួកគាត់។

ជាថ្មីម្តងទៀត សម្តេចបានបង្ហាញក្តីសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួល និងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ 

សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ បានជិះរថយន្តក្រុងសាធារណៈ ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលបានបង្ហាញភាពសប្បាយរីករាយ ដែលបានទៅលេងស្រុកកំណើតដោយមិនចំណាយលើការធ្វើដំណើរ និងមានភាពងាយស្រួលក្នុងធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់៕