ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្តើមទទួលការងារជាពិធីការិនី និងការងារថតផ្សាយពាណិជ្ជកម្មឡើងវិញហើយ បើទោះបីជានាងនៅសសៃខ្ចីក្តី ។

ចាប់តាំងពីសម្រាលកូនរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងពលមុនទៅទៀត ជាពិសេសគឺរូបរាងរបស់នាងមិនធាត់បែកសាច់ឬឡើងគីឡូឡើយ ហេតុដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុនជាច្រើនហៅនាងថតជាបន្តបន្ទាប់ ។
ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានបណ្តោយខ្លួនឱ្យនៅទំនេរដែរ ជាក់ស្តែងនាងចាប់ផ្តើមទទួលការងារតាំងពីកូនទើបតែបានមួយខែឯណោះ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់គឺនាងចាប់ផ្តើមចេញធ្វើការទាំងខ្លួនសសៃខ្ចី ដោយមិនខ្លាចទាស់ ឬឈឺស្កាត់អ្វីទាំងអស់ ។
បន្ទាប់ពីឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ទទួលការងារច្រើនបែបនេះ មានមិត្តសិល្បៈជាច្រើនបានប្រាប់ទៅតារាស្រីរូបនេះថា ឱ្យនាងថែទាំសុខភាព និងខ្លួនប្រាណសិនទៅ កុំអាលទទួលការងារច្រើន ខ្លាចប៉ះពាល់សុខភាព ។
ចំពោះរឿងនេះផងដែរពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនវិញថា នាងមានសុខភាពល្អហើយ អាចធ្វើការងារបានគ្រប់យ៉ាង ម្យ៉ាងវិញទៀតនាងស្តាយការងារ និងស្តាយលុយផងប្រសិនបើមិនធ្វើ ពីព្រោះអំឡុងពេលពពោះ គឺនាងបានសម្រាកពីការងារយូរខែដែរ បើទុកចោលទៀត ច្បាស់ជាបាត់បង់ការងារអស់ហើយ ជាពិសេសនាងខ្លាចទស្សនិកជនភ្លេចមុខ ។
ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែទទួលធ្វើការងារថតផ្សាយពាណិជ្ជកម្មនោះទេ នាងថែមទាំងទទួលការងារជាពិធីករនៅក្នុងកម្មវិធីទូរទស្សន៍ និងកម្មវិធីជប់លៀង មង្គលការនានាឡើងវិញដែរ នាងនៅតែសង្ឃឹមថា ទស្សនិកជននៅតែស្រឡាញ់ និងគាំទ្រនាងនៅក្នុងវិស័យនេះដូចកាលពីមុនដដែល ៕


