កម្ពុជា​ ស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកា​សចរ​ណ៍លំដាប់ពិភពលោក Etihad Airways ពីអារ៉ាប់រួម មកកាន់កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways ដែលហោះមកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ។ សម្រាប់ការចុះចតនេះ គឺជាជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។

នៅព្រឹកថ្ងៃទី៤ ខែតុលា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ក៏បាន​អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់​ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់កម្ពុជានេះផងដែរ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ការចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ការតភ្ជាប់ជើ​ងហោះ​កម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា នេះក៏បញ្ជាក់ឱ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះបើតាមក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន ៩០នាក់ ដែលចំណាយពេលជាង ៧ម៉ោងមិនឈប់ ហើយជើងហោះហើរនេះមាន ៤ជើង ក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួនជាង៥ម៉ឺន៨ពាន់ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួនជាង៧ម៉ឺន៧ពាន់តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិទាំងបី រួមមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន៕

អត្ថបទ៖ ពុទ្ធិកា