គ្រាន់តែមកដល់ផ្ទះវិញ តារាចម្រៀង ប៉ាច គីមមួយ ត្រូវលោក សយ រតនៈ ដែលជាដៃគូដឹកចូលពេទ្យភ្លាមៗបន្ទាប់ពីបំពេញការងារនៅប្រទេស កូរ៉េ និង ម៉ាឡេស៊ី ចប់។

រយៈពេល១៥ថ្ងៃនេះ តារាចម្រៀង ប៉ាច គីមមួយ ជាប់រវល់នៅក្នុងបេសកកម្មការងារនៅប្រទេស កូរ៉េ និង ម៉ាឡេស៊ី ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែ តុលា កន្លងមកនេះ នាងបានចូលរួមសម្តែងនៅក្នុងកម្មវិធី « ASEAN Friendship Concert 2025 នៅទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ។ គ្រាន់តែសម្តែងចប់ ប៉ាច គីមមួយ ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកចូលរួម ។
នេះមិនមែនជាលើកទី១នោះទេដែល ប៉ាច គីមមួយ ចូលរួមក្នុងកម្មវិធីផ្លូវការទៅតាមការអញ្ជើញរបស់ប្រទេសនានា កន្លងមកនាងធ្លាប់ចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាច្រើន ។ លោក សយ រតនៈ ដែលជាដៃគូកញ្ញា ប៉ាច គីមមួយ មានមោទនភាពខ្លាំងចំពោះគូស្នេហ៍របស់ខ្លួន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គ្រាន់តែតារាចម្រៀង ប៉ាច គីមមួយ ចប់បេសកកម្មរបស់ខ្លួននៅប្រទេស ម៉ាឡេស៊ី ភ្លាម ស្រាប់តែលោក សយ រតនៈ ប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថា ប៉ាច គីមមួយ ចូលពេទ្យហើយ ជាក់ស្តែងតាមរយៈវិដេអូនេះ កញ្ញា ប៉ាច គីមមួយ កំពុងព្យួរសេរ៉ូនៅក្នុងមន្ទីរពេទ្យមួយ ។
ថ្វីដ្បិតតែពេលនេះខ្លួនកំពុងឈឺសម្រាកព្យាបាល កញ្ញា ប៉ាច គីមមួយ នៅតែបង្ហាញភាពរឹងមាំឱ្យអ្នកគាំទ្របានឃើញ នាងថែមទាំងបាននិយាយថា ឈឺប៉ុហ្នឹងមិនជាបញ្ហា អ្វីដែលសំខាន់ គឺនាងសប្បាយចិត្តដែលបានចូលរួមសម្តែងក្នុងកម្មវិធីធំៗតំណាង កម្ពុជា ៕




