ម្ចាស់មកុដ Miss Universe Cambodia ២០២៥ ហ្វីយ៉ាតា បានទុករឿងចម្រុងចម្រាស់របស់ខ្លួនជាមួយខាងអ្នកគ្រប់គ្រង Miss Universe Cambodia ចោលមួយឡែក ដោយទុកឱ្យមេធាវីផ្ទាល់ខ្លួនជាអ្នកដោះស្រាយ ហើយនាងសុំពេលវេលាបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិឱ្យចប់សិន ។

ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៥ ហ្វីយ៉ាតា បានឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe នៅប្រទេស ថៃ លើកទី ៧៤ កាលពីថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ២០២៥ ដំណើរចាក់ចេញរបស់នាងធ្វើឱ្យកក្រើកអស់ក្នុងនិងក្រៅប្រទេស ជាពិសេសមានអ្នកគាំទ្ររាប់រយនាក់ជូនដំណើរនាងរហូតដល់ព្រលានយន្តហោះអន្តរជាតិតេជោ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនៅពេលមុនពេលហោះហើរ ហ្វីយ៉ាតា បែរជាជួបរឿងមិនសប្បាយចិត្ត ព្រោះត្រូវខាងអ្នកគ្រប់គ្រង Miss Universe Cambodia ប្រកាសមិនទទួលខុសត្រូវលើការចេញទៅប្រកួតលើឆាកអន្តរជាតិឡើយរបស់នាងឡើយ ដោយក្រុមហ៊ុនចង់រក្សាតំណែងនាងទៅប្រកួតនៅឆ្នាំ ២០២៦ វិញ ដោយលើកហេតុផលថាស្ថានភាពប្រទេស កម្ពុជា និង ថៃ នៅមិនទាន់វិលរកសភាពដើម ។

ហ្វីយ៉ាតា បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តជាខ្លាំងនៅពេលដែលមានរឿងនេះ តែទោះជាយ៉ាងណានាងបានឡើងយន្តហោះចេញទៅប្រកួតតាមពេលវេលាដែលបានកំណត់ នាងថែមទាំងបាននិយាយថា នាងបានយកបេះដូង ឆន្ទះ និងសមត្ថភាពទៅប្រកួត រឿងរ៉ាវផ្សេងៗទុកឱ្យមេធាវីផ្ទាល់ខ្លួននាងជាអ្នកដោះស្រាយ នាងសុំពេលវេលាពង្រឹងសមត្ថភាព និងបំពេញការងាររបស់ខ្លួនឱ្យបានល្អនៅលើឆាកអន្តរជាតិ ៕




