Online Scam! ជនបរទេសជាង ២០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងអតីតកាស៊ីណូក្នុងខេត្តព្រះសីហនុ

ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់),  ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់,  នេប៉ាល់ ០៤នាក់,  វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់) , ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ០១នាក់ ។  ចំណែក វត្ថុតាងដកហូត មាន  កុំព្យូទ័រលើតុ 860 គ្រឿង, ទូរស័ព្ទ 4,129 គ្រឿង, កុំព្យូទ័រយួរដៃ 16 គ្រឿង និងiPad 14 គ្រឿង។

ប្រតិបត្តិការនោះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ ,  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះរាជអាជ្ញារង  នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ   ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ  និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។    ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំអនុវត្តនីតិវិធីបន្ត។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕