ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។
នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការសិក្សា ការបង្រៀន និងការរស់នៅក្រៅប្រទេស ព្រមទាំងបានរម្លឹកនិស្សិតទាំងអស់អំពីតួនាទីជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យនិស្សិតទាំងអស់ បកស្រាយប្រឆាំងនឹងការលើកឡើងរបស់ប្រទេសថៃ ដែលចាត់ទុកខ្លួនឯងជាជនរងគ្រោះ និងលាតត្រដាងពីចេតនាពិតប្រាកដរបស់ប្រទេសនេះ ក្នុងការឈ្លានពានកម្ពុជា ដែលបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើននាក់បាត់បង់ជីវិត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីបញ្ហាសំខាន់នៃរំហូរខួរក្បាល និងលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ឱ្យត្រឡប់មកវិញបន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិវិញ។
តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការលើកទឹកចិត្ត និងការគាំទ្រ និងជូនឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា។ និស្សិតទាំងអស់សន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រនិងយកជំនាញដែលទទួលបានថ្មី មករួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា៕




