តស៊ូរកស៊ីជាអ្នកលក់អនឡាញត្រឹមតែរយៈពេលខ្លីសោះតារាចម្រៀងរាងតូចច្រឡឹង អ៊ីវ៉ា និងគូស្នេហ៍បានសល់ទ្រព្យសម្បត្តិយ៉ាងច្រើនមានទាំងផ្ទះវីឡា ដីធ្លី ជាពិសេសថ្មីៗនេះអ្នកទាំងពីរបានទិញរថយន្តតម្លៃរាប់សែនដុល្លារ ទុកជាកាដូមុនថ្ងៃចូលរោងជ័យ ។
តារាចម្រៀង អ៊ីវ៉ា បានងាកទៅចាប់អាជីពលក់អនឡាញបន្ទាប់ពីការងារចម្រៀងរបស់នាងមានការធ្លាក់ចុះ និងមិនសូវរកប្រាក់ចំណូលបានច្រើនដូចមុន ។ នាងនិងគូស្នេហ៍ក៏បានចាប់ដៃគ្នារកស៊ីអស់ពេលជាច្រើនឆ្នាំ រហូតសន្សំបានប្រាក់កាសច្រើនតាមបំណងប្រាថ្នា ។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះ គឺថ្មីៗនេះ អ៊ីវ៉ា បានបង្ហាញកាដូរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងដែលមានតម្លៃរាប់សែនដុល្លារ ជាកាដូឆ្នាំថ្មីពីដៃគូរបស់ខ្លួន ។
ជាមួយនិងការបង្ហាញរថយន្តថ្មីដែលមានតម្លៃរាប់សែនដុល្លារនោះ កញ្ញា អ៊ីវ៉ា បាននិយាយថា « ថ្ងៃលាភ ថ្ងៃជ័យ នាំសមាជិកថ្មីចូលផ្ទះ សូមឱ្យហេងៗ សុខសប្បាយ រកស៊ីមានបាន » ។ ចំណែកលោក លី សេងហួរ ដែលជាគូស្នេហ៍របស់ អ៊ីវ៉ា វិញ ក៏បាននិយាយផងដែរថា « អោយតែមានគោលដៅច្បាស់លាស់ ទោះយឺតបន្តិចតែមានន័យសម្រាប់ការខិតខំប្រឹងប្រែងកន្លងមក អរគុណដៃគូរជីវិត » ។
មើលទៅទំនាក់ទំនងអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងស្អិតរមួត ថែមទាំងសន្សំបានប្រាក់ច្រើនផងដែរ កន្លងមក អ៊ីវ៉ា ធ្លាប់បានិយាយថា នៅពេលដែលការងាររកស៊ីរបស់នាងរឹងមាំ និងរកចំណូលបានច្រើនហើយ នាងនឹងដឹកដៃគូស្នេហ៍ចូលរោងការភ្លាម ។
បន្ទាប់ពីបានទិញរថយន្តថ្មីរួមគ្នា មានព័ត៌មានថា អ៊ីវ៉ា និងគូស្នេហ៍ត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ ដើម្បីបំពេញបំណងឪពុករបស់ខ្លួន ដែលទន្ទឹងរងចាំមើលកូនស្រីកូនជាយូរមកហើយ ។ អ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំមើលកញ្ញា អ៊ីវ៉ា ស្លៀកឈុតកូនក្រមុំ ៕






