សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រួមគ្នាសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជន

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៥ និង លើកទិសដៅការងារ ឆ្នាំ ២០២៦ របស់ក្រសួងមហាផ្ទៃ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦​ សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទូទាំងប្រទេស ដែលបើទោះបីជាក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានប្រឈមឧបសគ្គស្មុគស្មាញជះឥទ្ធិពលមកពីកត្តាខាងក្រៅ ប៉ុន្តែបានអនុវត្តតួនាទីភារកិច្ចប្រកដោយ ទំនួលខុសត្រូវ រួមចំណែកសម្រេចកម្មវិធីនយោបាយរាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្ក្រាបឱ្យបានម៉ឺងម៉ាត់ រាល់បទល្មើសប្រឈមក្នុងសង្គម រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម ដោយសម្តេចធិបតី បានគូសបញ្ជាក់ទៀតថា «យើងត្រូវតែរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះយើង ដោយបណ្ដេញរាល់អំពើ អាក្រក់ចេញពីប្រទេសឱ្យអស់ ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនយើង»។ ក្នុងន័យនេះ សម្តេច ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មនេះ និងបានព្រមានអនុវត្ត មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតី ក៏ផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាត រួមមាន ការបន្ត គាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ រួមទាំងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សនិងធ្វើទំនើបកម្មស្ថាប័ន តាមបរិបទឌីជីថល ពង្រឹងបន្ថែមទៀតគុណភាពសេវាសាធារណៈនិងគុណតម្លៃនៃច្រកចេញចូលតែមួយ បន្តអនុវត្តឱ្យ បានជោគជ័យតាមផែនការជាតិកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងត្រូវបន្តខិតខំជំរុញ និងគាំទ្រការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកធានាការអនុវត្តបានជោគជ័យ តាមទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ៕

5
Promotion