នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ថៃ ឲ្យមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលានៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីលិខិតអញ្ជើញលើកទីមួយ បានផ្ញើកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី០៧ តុលានេះ ថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្តថា ការអញ្ជើញភាគីថៃចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕