ក្រុមវេជ្ជបណ្ឌិតមកពីសហអាមេរិក ចាប់ផ្តើមផ្តល់ការព្យាបាលដោយមិនគិតថ្លៃដល់ពលរដ្ឋខ្មែរ នៅមន្ទីពេទ្យបង្អែកខេត្តកំពត ចាប់ពីថ្ងៃទី៩-១៤ ខែកុម្ភៈនេះ

ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត​នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញបេសកកម្ម​មនុស្ស​ធម៌​រយៈពេល​មួយ​សប្តាហ៍​ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ ​និង​ផ្តល់​ថ្នាំពេទ្យ និងសម្ភារៈជាច្រើនទៀត​ជូន​ពលរដ្ឋ​កម្ពុជា ​ដោយមិន​គិតថ្លៃ​។​

ពិធីសប្បុរសធម៌នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដែលសមាគមសុខាភិបាលខ្មែរនៅអាមេរិចច្ចសហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ និង មន្ទីរពេទ្យបង្អែកខេត្ដកំពត នឹងបើកពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ចុលវិទ្យាសាស្រ្ដ និង ចែកវែនតា ដោយឥតគិតថ្លៃ។

សូមជម្រាបថា ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត​នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក តែងតែបានរៀបចំកម្មវិធីសប្បុរសធម៌ចុះពិនិត្យព្យាបាលជំងឺ  និងផ្តល់សម្ភារៈជាច្រើនទៀតជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។ កាលពីខែកុម្ភៈឆ្នាំមុន បេសកកម្មមនុស្សធម៌នេះ បានធ្វើឡើងនៅតាមមន្ទីពេទ្យបង្អែក ចំនួន៣ ក្នុងខេត្តក្រចេះ ដោយមានអ្នកជំងឺប្រមាណជិត ៧ ពាន់នាក់ បានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។​មគ្រូពេទ្យ​និង​និស្សិត​ពេទ្យ​កម្ពុជា​ក៏បានចូលលរួម​ក្នុង​បេសកកម្ម​នេះដែរ ដែល​វា​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​រៀនសូត្រ​និង​ប្តូរ​បទពិសោធន៍​គ្នា​ផងដែរ៕

5
Promotion