ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញបេសកកម្មមនុស្សធម៌រយៈពេលមួយសប្តាហ៍ដោយធ្វើការពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យ និងសម្ភារៈជាច្រើនទៀតជូនពលរដ្ឋកម្ពុជា ដោយមិនគិតថ្លៃ។
ពិធីសប្បុរសធម៌នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្ដកំពត ដែលសមាគមសុខាភិបាលខ្មែរនៅអាមេរិចច្ចសហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ និង មន្ទីរពេទ្យបង្អែកខេត្ដកំពត នឹងបើកពិនិត្យ ព្យាបាលជំងឺទូទៅ វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ចុលវិទ្យាសាស្រ្ដ និង ចែកវែនតា ដោយឥតគិតថ្លៃ។
សូមជម្រាបថា ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក តែងតែបានរៀបចំកម្មវិធីសប្បុរសធម៌ចុះពិនិត្យព្យាបាលជំងឺ និងផ្តល់សម្ភារៈជាច្រើនទៀតជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។ កាលពីខែកុម្ភៈឆ្នាំមុន បេសកកម្មមនុស្សធម៌នេះ បានធ្វើឡើងនៅតាមមន្ទីពេទ្យបង្អែក ចំនួន៣ ក្នុងខេត្តក្រចេះ ដោយមានអ្នកជំងឺប្រមាណជិត ៧ ពាន់នាក់ បានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។មគ្រូពេទ្យនិងនិស្សិតពេទ្យកម្ពុជាក៏បានចូលលរួមក្នុងបេសកកម្មនេះដែរ ដែលវាជាឱកាសមួយសម្រាប់ពួកគេរៀនសូត្រនិងប្តូរបទពិសោធន៍គ្នាផងដែរ៕



