ក្រុមគ្រូពេទ្យកម្ពុជា និងអាមេរិក សហការគ្នាព្យាបាល​វះកាត់ជំងឺបេះដូងកុមារ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារជាតិ

គម្រោងវះកាត់បេះដូងកុមារដោយឥតគិតថ្លៃ ដែលមានការចូលរួមពីគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅក្នុងមន្ទីរពេទ្យកុមារជាតិ បានបើកដំណើរការហើយ។ គម្រោងវះកាត់បេះដូងកុមារដោយឥតគិតថ្លៃ នឹងដំណើរការដំណាក់កាលទី១ ចាប់ពីថ្ងៃទី៩ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងពិធីដាក់ឲ្យដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅក្នុងមន្ទីរពេទ្យកុមារជាតិនេះ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់ជីវភាពកុមារ នារយៈពេលមួយ ទសវត្សកន្លងមក ហើយសម្រេចនូវចំណុចគោលដៅប្រមាណជាង ៣០ភាគរយ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្នែកសុខភាពកុមារ ។

លោកជំទាវបណ្ឌិត បន្តថា ស្របទៅនឹងវឌ្ឍនភាពដ៏ប្រសើរនេះ កម្ពុជាក៏មានកាតព្វកិច្ច ធានាថា កុមារទាំងអស់ទទួលបាននូវការថែទាំសុខភាព អាហារូបត្ថម្ភ កិច្ចការពារ និងការអប់រំ សមទៅនឹងតម្រូវការ ពីព្រោះកុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ។ នៅពេលកុមារ មានសុខភាពល្អ ធនធានមនុស្សរបស់ជាតិនឹងរឹងមាំ ប្រកបដោយថាមពល និងបញ្ញាញាណ ផងដែរ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថា ក្នុងចំណោមបញ្ហាសុខភាពជាច្រើន ដែលកុមារកម្ពុជាកំពុងប្រឈម គឺជំងឺបេះដូងពីកំណើត ជាបញ្ហាដ៏ធំ ត្រូវការយកចិត្តទុកដាក់ ពិសេស ទាំងផ្នែកបច្ចេកទេសវិជ្ជសាស្ត្រ និងការគាំទ្រពីសង្គម។ ដូចនេះគម្រោងបើក ដំណើរ ការវះកាត់បេះដូងកុមារនាពេលនេះ គឺមានប្រយោជន៍ដ៏សំខាន់បំផុត ក្នុងការផ្ដល់ឱកាសរស់ រានមានជីវិត និងអនាគតដល់កុមារដទៃទៀត ហើយសូមអរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហរដ្ឋអាមេរិក និងសមាគមសុខាភិបាលខ្មែរ-អាមេរិក ដែលមកធ្វើការវះកាត់ បេះដូងកុមារ នាពេលនេះ ។

ទន្ទឹមគ្នានេះ លោកជំទាវទីមួយកម្ពុជា ក៏បានផ្ដាំផ្ញើនូវការងារមួយចំនួន ដល់ក្រុម គ្រូពេទ្យ គឺទី១. ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អចំពោះអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ហើយត្រូវខិតខំរៀនសូត្រជំនាញវះកាត់បេះដូងនេះ ពីក្រុមគ្រូពេទ្យមកពីសហ រដ្ឋអាមេរិក, ទី២. ការថែទាំអ្នកជំងឺឲ្យបានល្អ និងទី៣. កិច្ចសហការឲ្យបានល្អ ជាមួយក្រុមគ្រូ ពេទ្យដៃគូ និងការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ អំពីការវះកាត់បេះដូងកុមារនេះ ឲ្យបាន ទូលំទូលាយ ។

ឯកឧត្ដម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា មន្ទីរពេទ្យកុមារជាតិបានត្រៀមខ្លួនរួចជាស្រេច និងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិក ដើម្បីផ្ដល់ការវះកាត់ជូនកុមារ និងពិនិត្យឡើងវិញ ក្នុងបេសកកម្មរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកដើម្បីដាក់កម្មវិធីវះកាត់បន្ត ។

ឯកឧត្តម បានបន្ថែមថ បន្ទាប់ពីកម្មវិធីវះកាត់នេះមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានរៀបចំផែនការ ៣ឆ្នាំខាងមុខ ដើម្បីឲ្យមន្ទីរពេទ្យកុមារជាតិ មានសមត្ថភាពវះកាត់ ដោយក្រុមវេជ្ជបណ្ឌិតឯកទេស របស់មន្ទីរេពេទ្យតែម្ដងតាម រយៈការគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារបរិក្ខារដែលចាំបាច់ក្នុងការវះកាត់នេះ ៕

5
Promotion