បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរតែប្រញាប់ទិញអាវុធពីសហរដ្ឋអាម៉េរិក

ដោយ៖ បណ្ឌិត ស៊ឺន សំ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ

បើសិនជាសហរដ្ឋអាម៉េរិកយល់ព្រមលក់អាវុធឱ្យកម្ពុជា កម្ពុជាគួរតែប្រញាប់ប្រឹងទិញអាវុធបន្ថែមឱ្យបានច្រើន និងគ្រប់គ្រាន់តាមលទ្ធភាពហិរញ្ញវត្ថុ សមត្ថភាពគ្រប់គ្រង និងតម្រូវការការពារជាតិពិតប្រាកដរបស់ខ្លួន។

មូលហេតុសំខាន់ៗដែលកម្ពុជាគួរតែទិញអាវុធពីអាម៉េរិកមានដូចខាងក្រោម៖

ទីមួយ ប្រទេសមិត្តភក្តិខ្លះរបស់កម្ពុជា (ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់ និងជាដៃគូផ្គត់ផ្គង់អាវុធជាចម្បង) គេថាស្រលាញ់កម្ពុជាណាស់ ប៉ុន្តែបើសិនជាកម្ពុជាមិនមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិកនោះទេ  គេនឹងមិនសូវផ្តល់តម្លៃដល់ប្រទេសកម្ពុជានោះទេ។ សូមសិក្សាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៦៥ នៅពេលដែលប្រទេសកម្ពុជាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក  នៅពេលនោះ តើមិត្តភ័ក្ករបស់កម្ពុជាមានឥរិយាបទបែបណា? អាម៉េរិក គឺជាប្រទេសដំបូងគេដែលបានភា្ជប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី​១១ កក្កដា ឆ្នាំ​១៩៥០ មុនពេលដែលកម្ពុជាបានទទួលឯករាជ្យទៅទៀត។​ ប្រទេសខ្លះចង់ឱ្យយើងកម្ពុជាស្មោះនឹងគេ ប៉ុន្តែនៅពេលដែលយើងស្មោះនោះ គេនឹងមិនផ្តល់តម្លៃឱ្យយើងនោះទេ។

ដូច្នេះ វាជាឱកាសមាសដែលកម្ពុជាត្រូវប្រើប្រាស់ឱ្យអស់សមត្ថភាព មុនពេលស្ថានភាពផ្លាស់ប្តូរ ឬមានការប្រែប្រួលនៅក្នុងគោលនយោបាយអន្តរជាតិ ដែលអាចកើតឡើងដោយសារកត្តាជាច្រើន ដូចជាការបោះឆ្នោតនៅអាម៉េរិក ឬការប្រែប្រួលនៅតំបន់។

ទីពីរ កម្ពុជាមិនត្រូវការសង្គ្រាម ឬចង់បង្កអសន្តិសុខក្នុងតំបន់ឡើយ។ យើងតែងតែគាំទ្រគោលការណ៍សន្តិភាព ការដោះស្រាយជម្លោះដោយសន្តិវិធី កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងគោលនយោបាយអព្យាក្រឹតភាព។ ប៉ុន្តែក្នុងពិភពលោកដែលពោរពេញដោយភាពមិនច្បាស់លាស់ ការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច និងហានិភ័យនៃជម្លោះតំបន់ (ដូចជាបញ្ហាព្រំដែន ឬសមុទ្រចិនខាងត្បូង) ការមានអាវុធប្រឆាំងការឈ្លានពាន និងសមត្ថភាពការពារជាតិដ៏គ្រប់គ្រាន់គឺជារឿងចាំបាច់សម្រាប់ការរក្សាសន្តិភាព។ វាមិនមែនជាការរៀបចំសម្រាប់សង្គ្រាមទេ តែជាការបង្កើត “ការរារាំង” (deterrence) ដែលធ្វើឱ្យគ្មានប្រទេសណាមួយអាចគំរាមកំហែង ឬឈានមករំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាបានងាយស្រួល។ អាវុធទំនើប និងមានគុណភាពខ្ពស់ ជួយបង្កើនទម្ងន់ក្នុងការចរចា ការការពារផលប្រយោជន៍ជាតិ និងការរក្សាតុល្យភាពក្នុងតំបន់ ដោយមិនចាំបាច់ប្រើប្រាស់វាក្នុងសង្គ្រាម។

ទីបី ការទិញអាវុធពីអាម៉េរិកមិនត្រឹមតែជាការទទួលបានបច្ចេកវិទ្យាទំនើបបំផុត (ដូចជាប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង ឬឧបករណ៍សម្រាប់កងទ័ពជើងគោក ជើងទឹក និងជើងអាកាស) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតតុល្យភាពក្នុងប្រភពផ្គត់ផ្គង់អាវុធ។ បច្ចុប្បន្ន កម្ពុជាពឹងផ្អែកច្រើនលើប្រទេសមួយ ឬពីរ ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរបើមានការប្រែប្រួលនៅក្នុងទំនាក់ទំនង គោលនយោបាយ ឬសមត្ថភាពផ្គត់ផ្គង់របស់ប្រទេសទាំងនោះ (ឧ. ការដាក់កម្រិត ឬការប្រែប្រួលតម្លៃ)។ ការបន្ថែមប្រភពពីអាម៉េរិក ដែលជាប្រទេសមានបច្ចេកវិទ្យាយោធាឈានមុខគេលើពិភពលោក នឹងជួយឱ្យកម្ពុជាមានភាពឯករាជ្យកាន់តែខ្លាំង អាចជ្រើសរើសបានច្រើនជាងមុន និងកាត់បន្ថយហានិភ័យនៃការពឹងផ្អែកតែមួយប្រភព។

ទីបួន ការទិញអាវុធពីអាម៉េរិកមិនមែនគ្រាន់តែជាការទិញឧបករណ៍ទេ វានាំមកនូវកិច្ចសហប្រតិបត្តិការយូរអង្វែង រួមមាន៖ ការហ្វឹកហាត់រួម (ដូចជាលំហាត់ Angkor Sentinel ដែលបានចាប់ផ្តើមឡើងវិញ) ការផ្ទេរបច្ចេកទេស ការបណ្តុះបណ្តាល ការគាំទ្រផ្នែកថែទាំ និងការចែករំលែកព័ត៌មានសន្តិសុខ។ វាជួយពង្រឹងទំនាក់ទំនងទ្វេភាគី ធ្វើឱ្យកម្ពុជាមានតួនាទីសំខាន់កាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្កើនសមត្ថភាពការពារជាតិ ដោយមិនបាត់បង់ឯករាជ្យភាព ឬគោលនយោបាយអព្យាក្រឹតភាពរបស់ខ្លួន។

ទីប្រាំ ការទិញអាវុធត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងមានផែនការច្បាស់លាស់៖ ផ្តោតលើប្រភេទអាវុធដែលសមស្របនឹងតម្រូវការការពារជាតិ (មិនមែនសម្រាប់ការប្រកួតប្រជែង) សន្សំសំចៃថវិកា ធានាថាមានសមត្ថភាពថែទាំ បណ្តុះបណ្តាល និងប្រើប្រាស់បានយូរអង្វែង និងរក្សាតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូទាំងអស់។ វាមិនមែនជាការប្រកួតប្រជែងជាមួយប្រទេសណាមួយទេ តែជាការធានាសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពសម្រាប់ប្រជាជនកម្ពុជា និងជំនាន់ក្រោយ។

សរុបមក ឱកាសនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់កម្ពុជា។ ការប្រញាប់ប្រឹងប្រើប្រាស់វាឱ្យបានច្រើនបំផុត នឹងជួយបង្កើតការការពារដ៏រឹងមាំ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពពិតប្រាកដ។ កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែសន្តិភាពដ៏រឹងមាំ តែងតែត្រូវការការការពារដ៏រឹងមាំ និងឆ្លាតវៃដែរ៕

5
Promotion