ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួបនេះ ក្រៅពីបានលើកឡើងអំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)» លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល​។​

បន្ថែមលើសនេះ, លោកសាស្ត្រាចារ្យ បានបន្តថាចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ លោកសាស្ត្រាចារ្យ បន្ថែម​ថា បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន ERIA និងបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និង ឧស្សាហកម្មជាក់លាក់ ជាដើម។​

ក្នុងន័យនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង វិស័យឯកជន ទាំងនៅជប៉ុន និង​កម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី៕

5
Promotion