សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ប្រសាសន៍សម្តេចធិបតីធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចបានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី។ បើតាមសម្តេច រយៈពេល១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង។

សម្តេចធិបតីមានប្រសាសន៍ថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដីទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

សម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះ។ទន្ទឹមគ្នានេះ សម្តេចសូមការយោគយល់ដែលរាជរដ្ឋាភិបាល មិន អាច បង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយថៃ។ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ៕

5
Promotion