ចំណងស្នេហ៍ច្រើនឆ្នាំរបស់តារាចម្រៀង សុខ សីឡាលីន មិនទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណី ខ្មែរ ផងស្រាប់តែពេលនេះនាងបែរជាបង្ហើរនូវអារម្មណ៍សោកសៅឱ្យបានអ្នកគាំទ្របានដឹងទៅវិញ ។

តារាចម្រៀង សុខ សីឡាលីន បានរៀបរាប់ថា « ក្នុងមួយជីវិតយ៉ាងហោចក៏ធ្លាប់កុហកខ្លួនបានម្តងថា បានជួប និងមានក្តីសុខ ជាមួយមនុស្សដែលជា (ម្ចាស់បេះដូង)របស់យើង តែការពិត ជួបមនុស្សត្រូវចិត្ត បែរជាខុសពេលវេលា » ។
បន្ទាប់ពីឃើញតារាចម្រៀង សុខ សីឡាលីន និយាយបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា ចំណងស្នេហ៍តារាស្រីរូបនេះនិងគូស្នេហ៍ប្រហែលជាឈានដល់ការបែកបាក់ហើយ ។ ទោះជាយ៉ាងនេះក្តីមានអ្នកខ្លះទៀតនិយាយថា សុខ សីឡាលីន កំពុងថតបទចម្រៀងថ្មី ។
ចំពោះរឿងរ៉ាវពិតយ៉ាងណានោះនៅពុំទាន់មាននរណាដឹងច្បាស់នោះទេ គ្រាន់តែថ្មីៗនេះគេដឹងថា តារាចម្រៀង សុខ សីឡាលីន មិនសូវបណ្តើរគ្នាជាមួយមិត្តប្រុសរបស់នាងដូចមុនទេ ភាគច្រើននាងទៅណាមកណាតែម្នាក់ឯង និងចូលចិត្តបង្ហាញនូវអារម្មណ៍ឯកោរ ។
ទោះបីជាមិនសូវសប្បាយចិត្តនិងរឿងផ្ទាល់ខ្លួនក្តី សុខ សីឡាលីន នៅតែទទួលការងារច្រៀងតាមខេត្តក្រុងដូចកាលពីមុន ទោះជានាងមានវ៍យច្រើនបន្តិចក្តី តែសម្រាប់អាជីពចម្រៀង នាងនៅតែទទួលបានការស្រឡាញ់ និងពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ពីព្រោះនាងជាតារាស្រីម្នាក់ដែលមានសម្លេងល្អ ដែលអាចច្រៀងទាំងចម្រៀងភាសា ជាតិ និង អន្តរជាតិ ៕



