សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃសុក្រ ទី១៣ កុម្ភៈ ២០២៦នេះ នៅខេត្តសៀមរាប។
ក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា។






