ជាច្រើនឆ្នាំមកនេះតារាសម្តែង ពៅ លីដា បានបាត់មុខសូន្យឈឹងពីសិល្បៈ សូម្បីតែចូលរួមកម្មវិធីជួបជុំមិត្តសិល្បករក៏ពុំឃើញវត្តមានរបស់នាងដែរ ។ តើពេលនេះ ពៅ លីដា ទៅដល់ណាហើយ ?

ពៅ លីដា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលមានវត្តមាននៅក្នុងរឿងភាគនិងរឿងដុំជាច្រើន ជាច្រើនឆ្នាំក្នុងសិល្បៈនាងតែងតែគ្រងតំណែងតួឯកមិនដែលខាន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅសុខៗស្រាប់តែបាត់មុខតារាស្រីរូបនេះសូន្យឈឹងពីសិល្បៈ រហូតមានលេចលឺព័ត៌មានថា នាងបានរៀបការមានគ្រួសារ និងកូនរួចហើយ នាងមិនចង់ប្រលូកក្នុងវិស័យនេះទៀតទេ ។ សូម្បីតែនៅលើ ហ្វេសប៊ុក របស់នាង ក៏មិនមានបង្ហោះរូបភាពថ្មីៗបង្ហាញអ្នកគាំទ្រដែរ ភាគច្រើននាងស៊ែរតែវិដេអូចាស់ៗ និងបង្ហាញនូវអារម្មណ៍ខ្លះៗប៉ុណ្ណោះ ។
ទាក់ទងទៅនិងការបាត់មុខនេះ ពៅ លីដា បានឆ្លើយតបទៅកាន់មិត្តភក្តិក៏ដូចជាអ្នកគាំទ្ររបស់ខ្លូនថា នាងរវល់ការងាររកស៊ី មិនចង់ចេញមុខដូចមុនទេ ។
ពៅ លីដា ថែមទាំងបាននិយាយថា « ពេលនេះធាត់ហៅលែងលឺហើយខ្ញុំ » ។ បន្ទាប់ពីឃើញ ពៅ លីដា ពោលពាក្យដូច្នេះ មានមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ហើយក៏បានលើកទឹកចិត្តនាងឱ្យខំប្រឹងសម្រកគីឡូ និងវិលត្រឡប់មកកាន់សិល្បៈវិញ ។
ដោយឡែកលោក ពៅ ពិសិដ្ឋ ដែលទស្សនិកជនស្គាល់ថាជាប្អូនប្រុសតែងតែទៅណាមកណាជាមួយ ពៅ លីដា បានបញ្ជាក់ប្រាប់ថា ពៅ លីដា មិនបានបាត់មុខទៅណាទេ គាត់រវល់ការងាររកស៊ីផង ណាមួយឥឡូវនេះគាត់ឡើងគីឡូខ្លាំង គាត់មិនចង់ជួបនរណាទេ ហើយគាត់ក៏មិនទាន់ហ៊ានបង្ហាញមុខក្នុងសិល្បៈដែរ ៕






