ឯកឧត្តម កែវ រ៉េមី៖ ការសាងសង់ផ្ទះឬជម្រកបណ្តោះអាសន្នឱ្យជន​ភៀ​ស​​សឹកកម្ពុជា មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីនោះទេ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបចំពោះការលើកឡើងរបស់មហាជនមួយចំនួនតូចដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការចោទប្រកាន់ថា រាជរដ្ឋាភិបាល​ទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម កែវ រ៉េមី បានបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតផ្លូវការជាបន្តបន្ទាប់​បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពាន​ទឹកដីដោយប្រើកម្លាំងពីយោធាថៃ។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។

ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយៈពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយៈពេលវែងក្នុងការទាមទារទឹកដី និងផ្ទះសម្បែងមកឱ្យប្រជាជនងវិញ យើងបានគិតគូរដល់បងប្អូន​ភៀសសឹករបស់យើង​ តើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរ ឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។

ឯកឧត្តម កែវ រ៉េមី បន្ថែមថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែង ដូចការឃោសនារបស់មនុស្សមួយក្រុមដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ តែផ្ទុយទៅវិញ ទឹកដី​ផ្ទះសម្បែង​​​ត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់ប្រជាជនភៀសសឹកត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។

ឯកឧត្តម កែវ រ៉េមី បន្តថា «យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬ អាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត៕

5
Promotion