សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិភា​ក្សា​​​ដោះស្រាយដោយស្មារតីយោគយល់គ្នា លើករណីកីឡាករត្រកូល អេ ទាំង២នាក់

ក្រោយផ្ទុះការវែកញែក លើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានហាមឃាត់កីឡាករ២រូបដែលកូនប្រុសអតីតកែងឆេះជង្គង់ហោះ អេ ភូថង គឺ កីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង មិន​​ឲ្យប្រកួត​រយៈ​ពេល៦ខែ ខណៈពេលអ្នកទាំងពីរ កំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន និងរងចាំការដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា នៅពេលកីឡាករទាំងពីររូបវិលត្រឡប់មកវិញ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ « ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោល​សេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ កីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សា​ដោះស្រាយ​ជាក្រោយ​ដោយស្មារតីសា​មគ្គីភាពនិងការ​យោគយល់គ្នា»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ ចំពោះកីឡាករ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។ ការផ្អែកនេះ ធ្វើឡើងតាមសំណើររបស់មជ្ឈម​ណ្ឌលកីឡាក​ងយោធពលខេមរភូមិន្ទ ក្រោមហេតុកីឡាករទាំង២នាក់ ជាយោធិនសេរីមិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល​កីឡាកងយោធពលខេមរភូមិន្ទ ៕

5
Promotion