ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឋាន:ជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ រ.ជ.រ.ប.ខ និង ជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) បានចេញមកអះអាងថា ការលើកឡើងរបស់ភាគីថៃថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយនោះ ជាពាក្យភូតភរកុហកទាំងស្រុង។
សេចក្តីប្រកាសរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នៅឆ្នាំ ១៩៨២ ខ្ញុំបានចាកចេញពីប្រទេសបារាំងមកចូលរួមជាមួយរណសីរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) ដែលបោះជំរុំនៅលើទឹកដីខ្មែរជាប់ព្រំដែនប្រទេសថៃ មានជំរុំនងចាន់ (នៅក្បែរភូមិថៃឈ្មោះបានណងចាន់) ជំរុំរិទ្ធិសែន (នៅក្បែរភូមិថៃឈ្មោះបានណងសាម៉េត) ជំរុំអំពិល (នៅក្បែរភូមិថៃឈ្មោះបានសាង៉ែ) នៅជាប់ជំរុំអំពិល មានជំរុំមួយទៀតឈ្មោះជំរុំសម្លរឆ្ងាញ់នៅលើទឹកដីខ្មែរ និង នៅខេត្តឆ្ងាយៗព៏នោះ មានជំរុំអូបុក ជំរុំណាំយឺន និង ជំរុំសុខសាន្ត ។ មកពីប្រទេសបារាំងភ្លាម ខ្ញុំបានមកស្នាក់មួយយប់នៅជំរុំនងចាន់ ដែលនៅពេលនោះមានលោក ជា រិទ្ធីឈុត ជាប្រធាន លោក ស៊ូ គឹមស៊ុន ជាអនុប្រធាន និង លោក ជុំ ឈាង ជាប្រធានរដ្ឋបាល មុនពេលគាត់ចេញទៅធ្វើជាប្រធានជំរុំដងរែក ដែលត្រូវបំបែកចេញពីជំរុំនងចាន់ ។ ជំរុំទាំងអស់សុទ្ធតែតាំងនៅលើទឹកដីខ្មែរទាំងអស់ ។ នៅទសវត្សរ៍ ១៩៨០ ជំរុំទាំងអស់ត្រូវទទួលរងការវាយប្រហារពីសំណាក់កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានជំនួយពីកងទ័ពវៀតណាមផង ។ នៅពេលវាយប្រហារនេះ គ្មានកងទ័ព ឬ កងកម្លាំងថៃណាមួយ ចេញមកប្រយុទ្ធការពារជំរុំទាំងអស់នោះទេ ព្រោះជាជំរុំខ្មែរស្ថិតនៅលើទឹកដីខ្មែរ ។ ដូច្នេះ ថៃមិនអាចអះអាងថាជំរុំទាំងអស់នោះស្ថិតនៅលើទឹកដីថៃ ដូចរដ្ឋមន្ត្រីការបរទេសថៃនិយាយប្រាប់កាសែតអន្តរជាតិនោះទេ ។ ឆ្នាំ ១៩៨៤- ១៩៨៥ ជំរុំទាំងអស់នោះត្រូវបានបោសសំអាត រីឯប្រជាពលរដ្ឋដែលជាជនភៀសខ្លួន ក៏ត្រូវបានអនុញ្ញាតឲ្យទៅរស់នៅក្នុងជំរុំលើទឹកដីថៃ ដូចជាជំរុំសាយធូ សម្រាប់ភាគី រ.ជ.រ.ប.ខ ជំរុំសាយប៊ី សម្រាប់ភាគីសម្ដេចព្រះ នរោត្តម សីហនុ និង ជំរុំឯទៀតសម្រាប់ភាគីខ្មែរក្រហម ។ ក៏ប៉ុន្តែចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានចូលជាធរមាន ជនភៀសខ្លួនខ្មែរទាំងអស់នោះ ត្រូវបានធ្វើមាតុភូមិនិវត្តន៍អស់គ្មានសល់ម្នាក់ឡើយ ។ ដូច្នេះការអះអាងរបស់ភាគីថៃថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយ ជាពាក្យភូតភរកុហកទាំងស្រុង ។
ទាក់ទងនឹងតំបន់បឹងត្រកួន រហូតមកដល់ចុងទសវត្សរ៍ ១៩៨០ តំបន់នេះគ្មានមនុស្សស្នាក់នៅទេ ។ ប្រហែលនៅក្នុងរង្វង់ឆ្នាំ ១៩៨៩ លោកឧត្តមសេនីយ៍ ដៀន ដែល បានដឹកនាំកងកម្លាំងសាងសង់ផ្ទះសម្បែង កើតបានជាភូមិស្ថានមុនគេ ។ បន្ទាប់មកក៏រៀបចំជាបន្ទាយ មានឈ្មោះថាបន្ទាយអំពិល នៅលើទឹកដីខ្មែរសុទ្ធសាធ ។ នៅសម័យអ៊ុនតាក់ ភាគីលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន ដៀន ដែល គ្រប់គ្រងតំបន់បន្ទាយអំពិល-បឹងត្រកួន ឯភាគីលោកតា (សម្តេចបវរសេដ្ឋា) សឺន សាន គ្រប់គ្រងតំបន់ថ្មពួក-បន្ទាយឆ្មារ ។ ក្រុមអ៊ុនតាក់ដឹងឮរឿងនេះយ៉ាងច្បាស់ ឯសម្ដេចព្រះ នរោត្តម សីហនុ ប្រធាន អេស អិន ស៊ី (SNC) នាសម័យនោះ បានយាងទៅបំពេញព្រះទស្សនកិច្ចនៅតំបន់ទាំងពីរគឺ ថ្មពួក-បន្ទាយឆ្មារ និង នៅបឹងត្រកួន-បន្ទាយអំពិល ផងដែរ ។ នៅពេលនោះ មន្ត្រីថៃទទួលស្គាល់ថាជាទឹកដីខ្មែរពិតប្រាកដ គ្មានការជំទាស់តវ៉ាអ្វីឡើយ ។
ការបន្តកាន់កាប់ទឹកដីខ្មែរដោយកងទ័ពថៃ ជាការរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជាក់ច្បាស់ និង បញ្ជាក់ថាមេដឹកនាំថៃបង្ករសង្គ្រាមជាមួយកម្ពុជា ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនមែនដោយសារដើម្បីប្រយុទ្ធប្រឆាំងនិងអំពើឆបោកអនឡាយ ឬក្រោមរូបភាពប្រយុទ្ធប្រឆាំងការដាក់មីនថ្មើរជើងនោះឡើយ ។ ម្យ៉ាងទៀត សង្គ្រាមឈ្លានពានកម្ពុជា ក៏ជាផលប្រយោជន៌ដែលគណបក្សនយោបាយថៃទាញយក តាមស្មារតីជាតិនិយមជ្រុល សម្រាប់យុទ្ធនាការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតថ្មីៗនេះ ។
បើភាគីថៃចង់រកដំណោះស្រាយទ្វេភាគីដោយសន្តិវិធីពិតប្រាកដមែន ថៃត្រូវតែអនុញ្ញាតឲ្យក្រុមការងារវាស់វែងចំរុះនៃប្រទេសទាំងពីរ (Joint Survey Team) ធ្វើការវាស់វែងជាបន្ទាន់ មិនចាំបាច់រង់ចាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ ។ ព្រោះនៅពេលភាគីថៃប្រាប់ភាគីខ្មែរឲ្យរង់ចាំការបង្កើតរដ្ឋាភិបាលថៃថ្មី ទាហានថៃគិតតែពីបំពានលើបទឈប់បាញ់ និង បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដាក់កុងទើន័រ រាយលួសបន្លា ព័ទ្ធយកទឹកដីខ្មែរ ឥតរង់ចាំរដ្ឋាភិបាលថ្មីនះទេ ។
ខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវវិធានការដោះស្រាយទំនាស់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងបទសម្តាសន៍ជាមួយ Reuters និង Fox news នៅសហរដ្ឋអាមេរិក ។
