ខណៈពេលដែលជីវិតរកស៊ីរបស់តារាស្រី លីវ ជីលី កំពុងឡើងជាលំដាប់ ស្រាប់តែនាងបន់ស្រន់សូមឱ្យនាងរៀបការឆាប់ៗ ដូចជាមិត្តភក្តិផ្សេងៗទៀត ។

លីវ ជីលី ជាតារាស្រីដ៏មានប្រជាប្រិយមួយរូបដែលបានសាងស្នាដៃជាច្រើនក្នុងសិល្បៈ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះនាងហាក់ពុំសូវមានស្នាដៃថ្មីបង្ហាញទស្សនិកជនឡើយ ភាគច្រើននាងលេចមុខក្នុងការងាររកស៊ីប៉ុណ្ណោះ ជាក់ស្តែងចាប់ផ្តើមពីបើកហាងរកស៊ីមក នាងកាក់កបខ្លាំង និងអាចរកប្រាក់ចំណូលបានច្រើនជាងប្រកបអាជីពសិល្បៈ ។
ជាមួយនិងភាពជោគជ័យនេះ លីវ ជីលី ក៏បានទិញរថយន្តថ្មីមួយគ្រឿងសម្រាប់ជាកាដូដល់ខ្លួនឯង ដែលបានខំប្រឹងធ្វើការងារយ៉ាងលំបាក ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺថ្មីៗនេះ លីវ ជីលី បានដឹកដៃក្រុមគ្រួសារទៅថតរូបបុរាណនៅទឹកដីអង្គរយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានក្តីសុខណាស់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងទៅថតរូបជុំគ្រួសារបែបនេះ គឺដើម្បីថតរូប Pre Wedding ផងដែរ ។
ជុំវិញរឿងនេះកញ្ញា លីវ ជីលី បានបង្ហើបប្រាប់ថា នាងគ្រាន់តែនាំឪពុកម្តាយថតរូបលេងទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ មិនមែនជារូប Pre Wedding អ្វីទេ ប្រសិនបើបានថត Pre Wedding មែន មិនដឹងសប្បាយចិត្តប៉ុណ្ណាឡើយ ។
កញ្ញា លីវ ជីលី ថែមទាំងបានបង្ហើបប្រាប់ថា នាងបានបន់ស្រន់ និងសូមឱ្យជីវិតខ្លួនបានរៀបការឆាប់ៗ ដើម្បីបង្កើតគ្រួសារតូចមួយ ម្យ៉ាងវិញទៀតពេលនេះនាងក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនដែរ ល្មមដល់ពេលដែលត្រូវសាងគ្រួសារហើយ គ្រាន់តែពេលវេលាល្អមិនទាន់មកដល់ប៉ុណ្ណោះ ។
គួររំលឹកផងដែរថា កញ្ញា លីវ ជីលី ធ្លាប់បានបង្ហើបប្រាប់ពីចំណងស្នេហ៍ខ្លួននិងគូស្នេហ៍បានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ហើយថែមទាំងមានគម្រោងរៀបការនិងគ្នាផងដែរ គ្រាន់តែមិនទាន់មានលុយគ្រប់គ្រាន់ដើម្បីរៀបចំរឿងនេះ ដូច្នេះហើយទើបពន្យាពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ ៕




