ប្រមុខការទូតកម្ពុជា ជួបអគ្គលេខាធិការOIF ពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅភ្នំពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​​លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ​នៅ​ទី​ស្តីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ក្នុងជំនួប​នេះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានី​ភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជា សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។

ការពិភាក្សាផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលគ្រោងនឹងរៀបចំ​នៅក្នុង​​រយៈពេល​៨ខែ​ខាងមុខ​។

គួរបញ្ជាក់ថា លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

បច្ចុប្បន្ន អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី  មានសមាជិករដ្ឋនិងរដ្ឋាភិបាលសរុប៩៣ ដែលក្នុងនោះមានសមាជិកពេញសិទ្ធិ ចំនួន៥៦ សមាជិកពាក់ព័ន្ធចំនួន៥ និងសមាជិកសង្កេតការណ៍ចំនួន៣២ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ៕

5
Promotion